បញ្ចប់​វិវាទ​! ខ្មែរ​មួយ​ជីវិត សម្រេច​ចេញ​មុខ​សុំ​ទោស​លោក ខេមរៈ សិរីមន្ត និង​លោក ព្រាប សុវត្ថិ

 កម្សាន្ត
 ០៤ កុម្ភៈ ២០២៤
 243

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារាចម្រៀង ខ្មែរ​មួយ​ជីវិត បាន​សម្រេច​ចេញ​មុខ​សុំ​ទោស​ជា​សាធារ​ណៈ​ចំពោះ​លោក ខេមរៈ សិរីមន្ត និង​លោក ព្រាប សុវត្ថិ ក្រោយ​ពី​និយាយ​ប៉ះពាល់​ដល់​តារាចម្រៀង​ទាំង​២​ដួង ពាក់ព័ន្ធ​រឿង​ការ​លើក​ឡើងជា​ទស្សនៈ​ផ្ទាល់ខ្លួន​ថា «​កំពូល​តារាចម្រៀង​ទាំង​២​ដួង មិន​គួរ​ចេញ​បទ​បែប​រ៉េ​ប​នោះ​ឡើយ​» ។

ការ​ចេញ​មុខ​សុំ​ទោស​ពី​តារាចម្រៀង ខ្មែរ​មួយ​ជីវិត នា​ពេល​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​លោក ខេមរៈ សិរីមន្ត និង​លោក ព្រាប សុវត្ថិ បាន​ផ្ទុះ​ការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​កាន់​លោក ដែល​បាន​និយាយ​ប៉ះពាល់​ដល់​តារាចម្រៀង​ទាំង​២​ដួង​ខាងលើ​នេះ តាម​រយៈ​បទ​សម្ភាសន៍​មួយ ។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម តារាចម្រៀង ខ្មែរ​មួយ​ជីវិត បាន​លើក​ឡើង​ថា «​និយាយ​ទៅ ទោះ​ខ្ញុំ​មាន​ចេតនា​ល្អ​ក៏​ដោយ តែ​ការ​ប្រើ​ពាក្យ​សម្តី​របស់ខ្ញុំ​មិន​បាន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​… ខ្ញុំ​ទទួលស្គាល់​ថា ការ​ប្រើ​ភាសា​របស់ខ្ញុំ​ក្នុង Podcast មួយ ដែល​គ្មាន​ការ​ព្រៀង​ទុក វា​អាច​នឹង​ប៉ះពាល់​ផ្លូវ​អារម្មណ៍​ដល់​បុគ្គល​ជា​ច្រើន​»​។

លោក​បញ្ជាក់​ថា «​ក្រៅពី​កា​រិះគន់​ក្នុង​ន័យ​ស្ថាបនា ចេញពី​រូបភាព​ជា big fan ម្នាក់ ចំពោះ Idols​ទាំង​ពីរ គឺ​គ្មាន​គោលបំណង​ឆ្គាំឆ្គង​ទៅ​កាន់​រៀមច្បង ខេមរៈ សេរី​មន្ត និង​រៀមច្បង ព្រាប សុវត្ថិ ឡើយ​។ បើសិនជា​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍ និង​កិត្តិយស​យ៉ាងណា​នោះ ប្អូនសុំ​ការ​អធ្យាស្រ័យ​ពី​រៀមច្បង​ទាំង​ពីរ​ផង​ចុះ ដោយ​ក្តី​ស្រលាញ់ និង​គោរព ។ សង្ឃឹមថា បងប្អូន​ទាំងអស់​យល់​ពី​ខ្ញុំ​ដូច​គ្នា ខ្ញុំ​ក៏​សូម​បញ្ចប់​បញ្ហា​ដោយ​ត្រឹមនេះ ខ្ញុំ​នៅ​តែ​មាន​ឆន្ទៈ​ប្រកាន់​គោល​ជំហរ​លើ​វិស័យ​តន្ត្រី Hip Hop ជាមួយ​រសជាតិ​របស់ខ្ញុំ​ដូច​ដើម ពី​ខ្ញុំបាទ Khmer1Jivit»​។

ដោយឡែក ក្រោយ​ការ​ចេញ​សារ​ខាងលើ​ពី ខ្មែរ​មួយ​វិត នោះ តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​លើក​ឡើង​ឆ្លើយ​តប​វិញ​ថា «​ល្អ​ណាស់ ប្អូនប្រុស ខ្មែរ​មួយ​ជីវិត យើង​ជា​បង ជា​ប្អូន យើង​ជា​សិល្បករ​ដូច​​គ្នា យើង​រួម​គ្នា សាមគ្គីភាព ឱប​ក្តី​ស្រឡាញ់ ឱប​ក្តី​ស្រមៃ​»​។

លោក​បញ្ជាក់​ថា «​ប៉ុន្មាន​ថ្ងៃនេះ បង​ទទួលយក​បាន​គ្រប់យ៉ាង​ទាំងអស់​នូវ​មតិ​របស់​ពូ​មីង​បងប្អូន​គ្រប់​មជ្ឈដ្ឋាន​ដោយ​ក្តី​គោរព ព្រោះ​ដើម្បី​បុព្វហេតុ​កែតម្រូវ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​សុជីវធម៌​ការ​ប្រាស្រ័យ​ទាក់ទង​ទៅ​វិញ​ទៅ​មក​ក្នុង​សង្គម​យើង​។ សូម​អរគុណ​ប្អូន (​ខ្មែរ​មួយ​ជីវិត​) ដែល​ជា​គ្រូ និង​ជា​គំរូ​របស់​តារាចម្រៀង Rap ជំនាន់​ក្រោយ ហើយ​ក៏​ជា​តួអង្គ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សម្រេច​បុព្វហេតុ កែតម្រូវ​ក្រមសីលធម៌ ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដ៏​សំខាន់​មួយ​នេះ​»​។

លោក​បន្ត​ថា «​ប្អូន​បាន​យល់​ពី​បេះដូងរ​បស់បង និង​បាន​កែ​លម្អ​យ៉ាង​ល្អ​ប្រសើរ​ឡើង​វិញ ធ្វើ​ឱ្យ​រឿង​នេះ បញ្ចប់​ទៅ​ដោយ​ស្នាមញញឹម និង​ក្តី​ស្រលាញ់​នេះ គឺជា​គំរូ​ដ៏​ល្អ​ខ្លាំង​ណាស់ ប្អូនប្រុស​សម្រាប់​សង្គម​ជាតិ​យើង​»​។

លោក ខេមរៈ សិរីមន្ត បាន​លើក​បន្ថែម​ថា «​រួម​គ្នា​កែតម្រូវ​ទាំងអស់​គ្នា​នៅ​ចំណុច​ខ្វះខាត រួម​គ្នា​នាំ​យក​សិល្បៈ​ចម្រៀង​ខ្មែរ​របស់​យើង​ទៅ​កាន់​ឆាក​អន្តរជាតិ​ទាំងអស់​គ្នា​ណា​ប្អូន​។ ខ្ញុំបាទ ក៏​សូម​យក​ឱកាស​នេះ សំណូមពរ​ដល់​ប្អូន​ៗ​សិល្បៈ​គ្រប់​ទម្រង់ និង​សិល្បៈ Rapper ទាំងអស់ ចាប់ពី​ពេល​នេះ​តទៅ យើង​គួរ​រួម​គ្នា​កែតម្រូវ និពន្ធ​ចម្រៀង ដោយ​ផ្អែក​លើ​ក្រមសីលធម៌ ជា​គោល បើសិនជា​អាច គឺ​ប្រសើរ​​ណាស់ ដោយ​ក្តី​គោរព​ស្រលាញ់​ពី​បង ព្រោះ​ភាសា​ឌឺដង និង​ការ​បាត់បង់​ក្រមសីលធម៌ ក៏​អាច​ជា​ផ្នែក​តូច​មួយ​ក្នុង​ការ​បញ្ឆេះ​កំ​ហឹ​.​ង​ជា​ហិ​.​ង្សា​បាក់បែក​សាមគ្គី​ជាតិ ដោយ​មិនដឹង​ខ្លួន ជា​ពិសេស​ដល់​យុវជន និង​ក្មេង​តូច​ៗ​ជំនាន់​ក្រោយ និង​ឈាន​ទៅ​ប៉ះពាល់​ដល់ អសន្តិសុខ​សង្គម និង​សន្តិភាព​ជាតិ​យើង​។ ម្យ៉ាងវិញទៀត ក៏​ដើម្បី​ជា​គំរូ​ល្អ​ៗ​ដល់​យុវជន​ខ្មែរ​យើង ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ផង​ដែរ​។ សូម​អរគុណ​ប្អូន​ៗ​ទុកជា​មុន​»​។

អត្ថបទដោយ៖ FCN NEWS