ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការលើកទី៣ ចំនួន៣ក្រសួង-ស្ថាប័ន

 ជីវិត និងសង្គម
 ០២ មីនា ២០២៤
 455

នាថ្ងៃទី៣ ទី៤ និងទី៥ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចំនួន៣ក្រសួង-ស្ថាប័នដោយឡែកៗពីគ្នា រយៈពេល៣ថ្ងៃ ដែលនេះជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីលើកទី៣ សម្រាប់អាណត្តិទី៧។ មិនខុសពីការប្រឡងមុនៗនោះទេ ការប្រឡងប្រជែងត្រូវផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដូចមានចែងក្នុងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការជ្រើសរើសមន្ត្រីរាជការដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌ ឱ្យចូលបម្រើការងារក្នុងអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាការធ្វើសមាហរណកម្មបញ្ជីឈ្មោះបេក្ខជនដែលបានចុះឈ្មោះកាលពីឆ្នាំ២០២៣ ពោលគឺជាផែនការជ្រើសរើសមន្ត្រីបន្តពី ពីអាណត្តិទី៦នៃរដ្ឋសភា ដែលមិនទាន់បានឆ្លងកាត់ការប្រឡងប្រជែង។

ខ្ញុំសូមយកឱកាសនេះ អរគុណដល់ក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ដែលបានបំពេញការងារយ៉ាងសស្រាក់សស្រាំ។ ការបំពេញភារកិច្ចដ៏មានសារៈសំខាន់នេះ ជាការឆ្លើយតបទៅនឹងការអនុវត្តវិធានគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ប្រកបដោយភាពម៉ឹងម៉ាត់ និងមានប្រសិទ្ធភាព ក្នុងគោលដៅសម្រេចឱ្យបានទស្សនវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីធានាដល់ការផ្តល់ឱកាសជូនប្រជាពលរដ្ឋបានចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស្មើៗគ្នា ប្រកបដោយភាពកក់ក្តៅ។ អ្វីដែលបេក្ខជនត្រូវមានគឺសមត្ថភាព ក្នុងការប្រឡងប្រជែង ដោយមិនចាំបាច់បារម្ភពីដំណើរការរៀបចំអ្វីទាំងអស់៕

អត្ថបទដោយ៖ Long Ratana