ស្រី​ស្អាត ព្រះ កាយ​ច័ន្ទ បង្ហាញ​មូលហេតុ​នៅ​ក្នុង​ការ​សម្រេចចិត្ត​ដាក់​ពាក្យ​ប្រឡង «Miss Grand»

 កម្សាន្ត
 ០៤ កុម្ភៈ ២០២៤
 225

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ព្រះ កាយ​ច័ន្ទ បាន​បង្ហាញ​នូវ​មូលហេតុ​សំខាន់​ៗ​មួយ​ចំនួន​ធ្វើ​ឱ្យ​នាង​សម្រេចចិត្ត​ដាក់​ពាក្យ​ចូលរួម​ប្រកួត​កម្មវិធី «Miss Grand Cambodia» ដែល​ជា​កម្មវិធី​មួយ​កំពុង​តែ​ល្បីល្បាញ និង​មាន​អ្នកមាន​សមត្ថភាព​ជា​ច្រើន​កំពុង​ចាប់អារម្មណ៍​ចូលរួម​ការ​ប្រកួតប្រជែង ។

ក្នុង​នាម​ជា​បេក្ខភាព​មួយ​រូប សម្រាប់​ការ​ប្រកួត «Miss Grand Cambodia» តំបន់​ភ្នំពេញ តារា​សម្ដែង​ស្រី​ស្រស់ ព្រះ កាយ​ច័ន្ទ បាន​បញ្ជាក់​ថា «​មូលហេតុ​ដែល​នាង​សម្រេច​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​ខាង​លើ​នេះ គឺ​ដោយសារ​តែ​នាង​ជឿជាក់​ទៅ​លើ​សមត្ថភាព​ដែល​នាង​មាន ជា​ពិសេស​នាង​ក៏​ចង់​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កូនសិស្ស​របស់​នាង​កំពុង​បង្រៀន ដែល​មាន​បំណង​បង្ហាញ​សមត្ថភាព​នៅ​លើ​ឆាក​អន្តរជាតិ​» ។

ស្រី​ស្អាត ព្រះ កាយ​ច័ន្ទ បាន​អះអាង​ថា «​កន្លង​មក នាង​បានឃើញ​បេក្ខភាព​កម្ពុជា ដែល​ចូលរួម​ប្រកួត Miss Grand គឺ​មិនសូវ​ទទួល​បាន​ជោគជ័យ​ឡើយ បើ​ទោះបីជា​បេក្ខភាព​របស់​យើង​មាន​រូប​សម្រស់ និង​សមត្ថ​ភាពល្អ​ក៏​ដោយ ។ មូលហេតុ​នេះ គឺជា​ការ​ជំរុញ​ចិត្ត​របស់​នាង​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​មួយ​នេះ ដោយសារ​តែ​នាង​ក៏​ដឹង​ពី​សមត្ថភាព​ខ្លួនឯង សម្រាប់​កម្មវិធី​ដែល​គេ​ចង់បាន គឺ​មាននៅ​ក្នុង​ខ្លួន​របស់​នាង​ទាំងអស់​» ។

នាង​បន្ថែម​ថា «​ប្រ​សិន​ក្នុង​ករណី​ដែល​នាង​អាច​ទៅ​បាន​ហើយ តែ​មិន​អាច​ទទួលលទ្ធផល​ណាមួយ​ទៀត​នោះ យើង​នឹង​បានដឹង​ថា តើ​កម្មវិធី​នេះ​គេ​ចង់បាន​បែប​ណា? ហើយ​នោះ​ក៏​ជា​បទ​ពិសោធន៍​ថ្មី​មួយទៀត​សម្រាប់​នាង​ផង​ដែរ​» ។

នាង​បញ្ជាក់​ថា «​ការ​ចូលរួម​ប្រកួត​របស់​នាង​ទៀត​សោត គឺជា​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កូនសិស្ស​របស់​នាង ព្រោះ​បច្ចុប្បន្ន កូនសិស្ស​របស់​នាង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ថ្នាក់​ជាតិ តែ​សម្រាប់​ឆាក​អន្តរជាតិ​នោះ គឺ​មិន​ទាន់​ឡើយ​។ ហេតុនេះ នាង​នឹង​នាំ​យក​បទ​ពិសោធន៍​មួយ​នេះ មក​បង្ហាញ​សិស្ស​របស់​នាង ប្រសិនបើ​នាង​មានឱកាស​បាន​ឈាន​ជើង​ដល់​ឆាក​អន្តរជាតិ​» ។

ជា​ការ​កត់សម្គាល់ ទស្សនិកជន​ដែល​ជា​អ្នកលេង​បណ្តាញ​សង្គម បាន​នាំ​គ្នា​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ស្ងាត់​ៗ ស្រាប់តែ​គេ​ឃើញ​តារា​សម្តែង ព្រះ កាយ​ច័ន្ទ លេច​វត្តមាន​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី «Miss Grand Cambodia 2024»​។ ខណៈ​ពេល​ដំណឹង​មួយ​នេះ ក៏​បាន​ធ្វើ​ឱ្យ​ទស្ស​និកជន​ដែល​ជា​អ្នកគាំទ្រ​រូប​នាង​ជា​ច្រើន សម្តែង​ការ​អបអរសាទរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង ក្នុង​ពេល​ពួក​គេ​ចង់​ឃើញ​តារា​ស្រី​រូប​នេះ ចូលរួម​ប្រកួត​កម្មវិធី​ផ្នែក​សម្រស់​បែប​នេះ​ជា​យូរ​មក​ហើយ ដោយសារ​តែ​នាង គឺជា​មនុស្ស​មាន​ទាំង​សមត្ថភាព រូប​សម្រស់ និង​ចំណេះដឹង​សម​ស្រប​សម្រាប់​កម្មវិធី​មួយ​នេះ​។

សម្រាប់​ការ​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​ខាងលើ ស្រី​ស្អាត ព្រះ កាយ​ច័ន្ទ បាន​ប្រកាស​ពី​ការ​តាំងចិត្ត​របស់​នាង​ថា «​នាង​ដាក់​ពាក្យ​ប្រកួត Miss Grand Cambodia ហើយ បើ​នាង​មិន​បាន​ជាប់​ទៅ​ប្រកួត​នៅ Miss Grand International ទេ នាង​សុំ​មិន​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ផ្សេង​នោះ​ទេ អរគុណ​ដែល​បងប្អូន​គ្រាំ​ទ្រ នាង​នឹង​មិន​ធ្វើ​ឱ្យ​បងប្អូន​អស់សង្ឃឹម​ឡើយ នាង​នឹង​ព្យាយាម​បន្ថែម​ដើម្បី​កម្ពុជា​»៕

អត្ថបទដោយ៖ FCN NEWS