អបអរសាទរខេត្តក្រចេះ ត្រូវបានប្រកាសជាខេត្តអស់មីន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

 ជីវិត និងសង្គម
 ២៦ មីនា ២០២៤
 254

ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ គឹជាថ្ងៃប្រវត្តិសាស្រ្ត ដែលប្រជាជនខេត្តក្រចេះ បានទទួលនូវសេរីភាពរួចចាកផុតពីគំរាមកំហែងដោយសារមីន ហើយ ខេត្តក្រចេះ គឺជាខេត្តទី១៥ ដែលត្រូវប្រកាសជាខេត្តអស់មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

រយៈពេល ២០ឆ្នាំ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៣ នៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទឹកដីខេត្តក្រចេះ មានប្រតិបត្តិករចំនួន ៣ រួមមាន មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការហេឡូត្រាស់ បានបោសសម្អាតក្នុងទំហំផ្ទៃដីជាង ១៣៣ គីឡូម៉ែត្រការ៉េ ស្មើនឹង ៧៩៥ ចម្ការមីននិងគ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីន និងសំណល់ជាតិផ្ទុះផ្សេងទៀតប្រមាណ ៦ ម៉ឺនគ្រាប់ ព្រមទាំងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជិត ៤០ ម៉ឺននាក់។

សមិទ្ធផលខេត្តក្រចេះអស់មីន គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀតក្នុងរយៈពេលជាង ៦ ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន រួមជាមួយនឹងការចូលរួមដ៏សប្បុរសបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងសប្បុរសជននានា។ រយៈពេល​ជាង​ ៦​ ខែ​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី៧​ មានខេត្ត​ចំនួន​ ០៣​ ត្រូវ​បាន​ប្រកាស​ជា​ខេត្ត​អស់​មីន​ រួម​មាន ​ខេត្ត​កំពង់ស្ពឺ​ ខេត្ត​មណ្ឌលគីរី​ និង​ខេត្ត​ក្រចេះ​ ៕

អត្ថបទដោយ៖ Long Ratana