សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ចូលរួមសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា

 ជីវិត និងសង្គម
 ២១ មីនា ២០២៤
 242

រាជធានីភ្នំពេញ៖​ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤​ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ថា​ រាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់ និងលើកកម្ពស់ជនមានពិការភាព ដោយបានធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព ជាក់ស្តែងការដាក់សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន នាពេលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់កាលានុវត្តភាព ចំពោះជនមានពិការភាពក្នុងការដឹកនាំ ផ្តល់សេវា ស្តារលទ្ធភាពពលកម្ម ផ្តល់និងរកការងារ បង្កើនសេដ្ឋកិច្ច និង ផ្សព្វផ្សាយលើកកម្ពស់សិទ្ធិជនមានពិការភាព ដើម្បីបងប្អូនជនមានពិការភាពបានទទួលផល រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានឱកាសពេញលេញចូលរួមគ្រប់សកម្មភាព នៅក្នុងសង្គម។​

ជាក់ស្ដែង​ កីឡាការជនមានពិការភាព​ ក៏បានរួមចំណែកយ៉ាងធំធេងក្នុងការតស៊ូ​ ប្រឹងប្រែងដេីម្បីទៅប្រកួតដណ្តេីមមេដាយជាច្រេីន​ ដែលជាការផ្តល់កិត្តិយសជូនខ្លូនឯងផង​ ពិសេសគឺជូនជាតិ​ និងមាតុភូមិ។ តាមរយៈ​បេសកកម្មនេះ​ រាជរដ្ឋាភិបាល​នឹងបន្តផ្តល់ការគាំទ្រទាំងស្មារតី​ និងថែរក្សានូវគោលការណ៍ឧបត្ថម្ភគាំទ្រ​ ដេីម្បីជាការបំប៉ន​ និងលេីកកម្ពស់បន្ថែមក្នុងការហ្វឹកហាត់​ និងបច្ចេកទេសសម្រាប់គ្រប់ការប្រកួតនាពេលខាងមុខ​។

អត្ថបទដោយ៖ Long Ratana