សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះអនុស្សារណៈយោគយល់គ្នា រវាងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ កូរ៉េ (KCB) និងធនាគារ Joengbuk (JB)
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា(CBC) បានសហការជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ កូរ៉េ (KCB) និងធនាគារ Joengbuk (JB) ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើសេវាចែករំលែករបាយការណ៍ព័ត៌មានឥណទានទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ កិច្ចសហការនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៥០,០០០នាក់ ដែលកំពុងបម្រើការងារលើវិស័យនានានៅសាធារណរដ្ឋកូរ៉េ។
ពិធីចុះអនុស្សារណៈយោគយល់នេះ ត្រូវបានប្រារព្ធឡើងនៅក្នុងវេទិការធុរកិច្ចកម្ពុជា-កូរ៉េ នៅទីក្រុង សេអ៊ូល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក អាន ឌុកជេអ៊ុន (Ahn Duk-geun) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់សាធារណរដ្ឋកូរ៉េ រូមទាំងវត្តមានពីថ្នាក់ដឹកនាំជាន់ខ្ពស់ពីរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា និងគណៈគ្រប់គ្រងជាន់ខ្ពស់ពីក្រេឌីត ប្យួរ៉ូ និងស្ថាប័នហិរញ្ញវត្ថុនៃប្រទេសទាំងពីរផងដែរ៕
អត្ថបទដោយ៖ Long Ratana