ករណី​កម្លាំង​មន្ត្រី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាប់​យក​តុក្កតា​ពី​ស្ត្រី​ម្នាក់ ​​នៅ​មុខ​ព្រ​លាន​យន្តហោះ​ភ្នំពេញ ដោយសារមានក្បួនថ្នាក់ដឹកនាំឆ្លងកាត់

 ជីវិត និងសង្គម
 ២៨ មីនា ២០២៤
 371

រាជធានី​ភ្នំពេញ ៖ ករណី​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ចាប់​យក​តុក្កតា​ដាក់​លើ​រថយន្ត ដែល​តុក្កតា​ទាំងនោះ ត្រូវ​បាន​ស្ត្រី​ម្នាក់​ដាក់​តាំង​លក់​នៅ​មុខ​អ​កាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខណៈ​នៅ​ថ្ងៃ​ទី​២៧ មីនា ២០២៤​នេះ មាន​ក្បួន​ថ្នាក់ដឹកនាំ​ឆ្លងកាត់ ហើយ​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ផ្អាក​លក់​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ស្ត្រី​អ្នកលក់ គាត់​មិន​ព្រម​ស្ដាប់ ទើប​ចាប់​យក​ទៅ​ទុក​នៅ​សាលា​ខណ្ឌ ពេល​ចប់​ក្បួន​ថ្នាក់ដឹកនាំ​ឆ្លងកាត់ ទើប​ប្រគល់​ឲ្យ​គាត់​វិញ ។

បើ​តាម​វី​ដេ​អូ​ឃ្លី​ប ដែល​បង្ហោះ​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហាញ​ថា តុក្កតា​ជា​ច្រើន​ម៉ូ​ដ មាន​តូច​មាន​ធំ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ចាប់ដក​ហូត​យក​ពី​ស្ត្រី​ម្នាក់ កាលពី​វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៤ ខណៈ​ដែល​ស្ត្រី​រូប​នោះ បាន​ក្រាល​កៅស៊ូ​តង់ ដាក់​លក់​លើ​សាប​នៅ​មុខ​ដី​ឡូ​ត៌​មួយ​កន្លែង ស្ថិត​នៅ​ត្រង់​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ពេល​សមត្ថកិច្ច​ខាងលើ ចាប់​យក​តុក្កតា​របស់​គាត់ ដាក់​លើ​រថយន្ត ដឹកនាំ​យក​ទៅ​កាន់​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្ត្រី​អ្នកលក់​រូប​នោះ បាន​ទាញ​ទូរ​សព្ទ​ថតរូប​ភាព​វី​ដេ​អូ ពី​សកម្មភាព​នោះ​។ ត្រូវ​បាន​កម្លាំង​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រាប់​មិន​ឲ្យ​គាត់​ថត​ទេ ប៉ុន្តែ​គាត់​នៅ​តែ​ថត និង​បាន​និយាយ​ថា ខ្ញុំ​ថតរូប​ទុក ខ្លាច​បាត់​តុក្កតា​របស់ខ្ញុំ ហើយ​បើ​បាត់​តុក្កតា​របស់ខ្ញុំ តើ​គិត​យ៉ាងម៉េច ? ហើយ​សមត្ថកិច្ច​ថា ការ​ដាក់​លក់​លើ​ច​ញ្ចើ​ម​ផ្លូវ​បែប​នេះ​គឺ​ខុស ។

ស្ត្រី​អ្នកលក់ បាន​និយាយ​បន្ត​ទៀត​ថា ខ្ញុំ​អត់​ខុស​អី​សោះ ហេតុ​អ្វី បានជា​ចាប់​យក​តុក្កតា​របស់ខ្ញុំ​បែប​នេះ ? ខ្ញុំ​អត់​យល់​ទេ ខ្ញុំ​លក់ ត្រូវ​ច្បាប់​សោះ ម៉េច​បាន​មក​ចាប់​របស់ខ្ញុំ ? ខ្ញុំ​ទិញ​តុក្កតា​អស់​លុយ​ច្រើន ខ្ញុំ​ជំពាក់​លុយ​គេ សូម​បងប្អូន​ជួយ​គិត​មើល​ផង ហើយ​ខ្ញុំ​ខុសច្បាប់​ត្រង់​ណា ? ខ្ញុំ​បាន​សុំ ដី​គេ​ដាក់​លក់ ហើយ​ខ្ញុំ អត់​មាន​ដាក់​លក់​លើ​ចិញ្ចើមថ្នល់​ផង​ហ្នឹង ?

ទាក់ទិន​នឹង​រឿងរ៉ាវ​នោះ កម្លាំង​សមត្ថកិច្ច​ខាងលើ បាន​និយាយ​ថា ស្ត្រី​រូប​នោះ បាន​ក្រាល​តង់​កៅស៊ូ ដាក់​លក់​តុក្កតា​នៅ​លើ​ចិញ្ចើម​ផ្លូវ គឺ​ខុស​ហើយ ប៉ុន្តែ​ដោយសារ សមត្ថកិច្ច​គាត់​មានការ​យោគយល់​អធ្យាស្រ័យ ទើប​គាត់​លក់​ម៉េច ក៏​លក់​ទៅ​រាល់ថ្ងៃ ប៉ុន្តែ​នៅ​ថ្ងៃនេះ សមត្ថកិច្ច បាន​ហាមឃាត់​តាំងពី​ព្រឹក ដោយសារ​មាន​ក្បួន​ថ្នាក់ដឹកនាំ ឆ្លងកាត់ ចូល​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ហើយ​បាន​ប្រាប់​គាត់​៤ ទៅ​៥​ដង ស្ត្រី​អ្នកលក់​គាត់​មិន​ស្ដាប់ ព្រោះ​ក្បួន​ថ្នាក់ដឹកនាំ​កំពុង​តែ​រៀបចំ​ឆ្លងកាត់ គេ​បិទផ្លូវ​គ្រប់កន្លែង គេ​ដឹង​ទាំង​អស់ហើយ ប្រាប់​គាត់​ហើយ គាត់​មិន​ស្ដាប់​ដដែល នៅ​តែ​ដាក់​លក់​ទៀត​។ ទើប​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ចាប់​ដកហូត នាំ​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ក្រោយ​ពេល​ចប់​ក្បួន​ថ្នាក់ដឹកនាំ ទើប​ប្រគល់​តុក្កតា​ទាំងនោះ​ឲ្យ​គាត់​វិញ និង​បាន​ចប់​សព្វគ្រប់​អស់ហើយ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ អត់​មានអី​ទៀត​ទេ ៕

អត្ថបទដោយ៖ Long Ratana