នគរបាលចាប់ខ្លួនមនុស្ស២១៥នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន-ថយចុះក្នុងសប្ដាហ៍ចុងក្រោយនេះ!
ភ្នំពេញ ៖ កម្លាំងនគរបាលជាតិក្រសួងមហាផ្ទៃទាំងកម្រិតអគ្គស្នងការដ្ឋាន ស្នងការដ្ឋាន អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទូទាំងប្រទេស បានក្រសោបចាប់ខ្លួនជនសង្ស័យចំនួន ២១៥នាក់ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងទៅ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានបញ្ជាក់ឱ្យដឹងនៅថ្ងៃនេះថា ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនក្នុងករណីគ្រឿងញៀនផ្សេងៗគ្នាសរុបចំនួន ១២២ករណី ដែលមានការថយចុះធៀបនឹងសប្ដាហ៍កន្លងទៅ។ សប្ដាហ៍កន្លងទៅ នគរបាលចាប់ខ្លួនមនុស្ស២៩៤នាក់ ក្នុងករណីគ្រឿងញៀនសរុប១៣៣ករណី ទូទាំងប្រទេស។
ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្ថិតក្នុងកញ្ចប់ការងារអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនការយកចិត្តទុកដាក់អនុវត្តចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា។ គ្រាន់តែក្នុងខែមករាកន្លងទៅ នគរបាលជាតិបានបង្ក្រាបករណីគ្រឿងញៀនចំនួន៥៤៣ករណី ឃាត់ខ្លួនមនុស្ស ១.២៧៨នាក់៕
អត្ថបទដោយ៖ Long Ratana