បញ្ចប់វិវាទ! ខ្មែរមួយជីវិត សម្រេចចេញមុខសុំទោសលោក ខេមរៈ សិរីមន្ត និងលោក ព្រាប សុវត្ថិ
រាជធានីភ្នំពេញ ៖ នៅទីបំផុត តារាចម្រៀង ខ្មែរមួយជីវិត បានសម្រេចចេញមុខសុំទោសជាសាធារណៈចំពោះលោក ខេមរៈ សិរីមន្ត និងលោក ព្រាប សុវត្ថិ ក្រោយពីនិយាយប៉ះពាល់ដល់តារាចម្រៀងទាំង២ដួង ពាក់ព័ន្ធរឿងការលើកឡើងជាទស្សនៈផ្ទាល់ខ្លួនថា «កំពូលតារាចម្រៀងទាំង២ដួង មិនគួរចេញបទបែបរ៉េបនោះឡើយ» ។
ការចេញមុខសុំទោសពីតារាចម្រៀង ខ្មែរមួយជីវិត នាពេលនេះ បានធ្វើឡើង បន្ទាប់ពីមហាជន ជាពិសេសបណ្តាអ្នកគាំទ្រលោក ខេមរៈ សិរីមន្ត និងលោក ព្រាប សុវត្ថិ បានផ្ទុះការរិះគន់យ៉ាងខ្លាំងទៅកាន់លោក ដែលបាននិយាយប៉ះពាល់ដល់តារាចម្រៀងទាំង២ដួងខាងលើនេះ តាមរយៈបទសម្ភាសន៍មួយ ។
តាមរយៈសំណេរដែលបានបង្ហោះនៅលើបណ្តាញសង្គម តារាចម្រៀង ខ្មែរមួយជីវិត បានលើកឡើងថា «និយាយទៅ ទោះខ្ញុំមានចេតនាល្អក៏ដោយ តែការប្រើពាក្យសម្តីរបស់ខ្ញុំមិនបានល្អឥតខ្ចោះនោះទេ… ខ្ញុំទទួលស្គាល់ថា ការប្រើភាសារបស់ខ្ញុំក្នុង Podcast មួយ ដែលគ្មានការព្រៀងទុក វាអាចនឹងប៉ះពាល់ផ្លូវអារម្មណ៍ដល់បុគ្គលជាច្រើន»។
លោកបញ្ជាក់ថា «ក្រៅពីការិះគន់ក្នុងន័យស្ថាបនា ចេញពីរូបភាពជា big fan ម្នាក់ ចំពោះ Idolsទាំងពីរ គឺគ្មានគោលបំណងឆ្គាំឆ្គងទៅកាន់រៀមច្បង ខេមរៈ សេរីមន្ត និងរៀមច្បង ព្រាប សុវត្ថិ ឡើយ។ បើសិនជាប៉ះពាល់ដល់ផ្លូវអារម្មណ៍ និងកិត្តិយសយ៉ាងណានោះ ប្អូនសុំការអធ្យាស្រ័យពីរៀមច្បងទាំងពីរផងចុះ ដោយក្តីស្រលាញ់ និងគោរព ។ សង្ឃឹមថា បងប្អូនទាំងអស់យល់ពីខ្ញុំដូចគ្នា ខ្ញុំក៏សូមបញ្ចប់បញ្ហាដោយត្រឹមនេះ ខ្ញុំនៅតែមានឆន្ទៈប្រកាន់គោលជំហរលើវិស័យតន្ត្រី Hip Hop ជាមួយរសជាតិរបស់ខ្ញុំដូចដើម ពីខ្ញុំបាទ Khmer1Jivit»។
ដោយឡែក ក្រោយការចេញសារខាងលើពី ខ្មែរមួយវិត នោះ តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានលើកឡើងឆ្លើយតបវិញថា «ល្អណាស់ ប្អូនប្រុស ខ្មែរមួយជីវិត យើងជាបង ជាប្អូន យើងជាសិល្បករដូចគ្នា យើងរួមគ្នា សាមគ្គីភាព ឱបក្តីស្រឡាញ់ ឱបក្តីស្រមៃ»។
លោកបញ្ជាក់ថា «ប៉ុន្មានថ្ងៃនេះ បងទទួលយកបានគ្រប់យ៉ាងទាំងអស់នូវមតិរបស់ពូមីងបងប្អូនគ្រប់មជ្ឈដ្ឋានដោយក្តីគោរព ព្រោះដើម្បីបុព្វហេតុកែតម្រូវគ្នាទៅវិញទៅមក ជាពិសេសសុជីវធម៌ការប្រាស្រ័យទាក់ទងទៅវិញទៅមកក្នុងសង្គមយើង។ សូមអរគុណប្អូន (ខ្មែរមួយជីវិត) ដែលជាគ្រូ និងជាគំរូរបស់តារាចម្រៀង Rap ជំនាន់ក្រោយ ហើយក៏ជាតួអង្គយ៉ាងសំខាន់ក្នុងការជួយសម្រេចបុព្វហេតុ កែតម្រូវក្រមសីលធម៌ ចំពោះគ្នាទៅវិញទៅមកដ៏សំខាន់មួយនេះ»។
លោកបន្តថា «ប្អូនបានយល់ពីបេះដូងរបស់បង និងបានកែលម្អយ៉ាងល្អប្រសើរឡើងវិញ ធ្វើឱ្យរឿងនេះ បញ្ចប់ទៅដោយស្នាមញញឹម និងក្តីស្រលាញ់នេះ គឺជាគំរូដ៏ល្អខ្លាំងណាស់ ប្អូនប្រុសសម្រាប់សង្គមជាតិយើង»។
លោក ខេមរៈ សិរីមន្ត បានលើកបន្ថែមថា «រួមគ្នាកែតម្រូវទាំងអស់គ្នានៅចំណុចខ្វះខាត រួមគ្នានាំយកសិល្បៈចម្រៀងខ្មែររបស់យើងទៅកាន់ឆាកអន្តរជាតិទាំងអស់គ្នាណាប្អូន។ ខ្ញុំបាទ ក៏សូមយកឱកាសនេះ សំណូមពរដល់ប្អូនៗសិល្បៈគ្រប់ទម្រង់ និងសិល្បៈ Rapper ទាំងអស់ ចាប់ពីពេលនេះតទៅ យើងគួររួមគ្នាកែតម្រូវ និពន្ធចម្រៀង ដោយផ្អែកលើក្រមសីលធម៌ ជាគោល បើសិនជាអាច គឺប្រសើរណាស់ ដោយក្តីគោរពស្រលាញ់ពីបង ព្រោះភាសាឌឺដង និងការបាត់បង់ក្រមសីលធម៌ ក៏អាចជាផ្នែកតូចមួយក្នុងការបញ្ឆេះកំហឹ.ងជាហិ.ង្សាបាក់បែកសាមគ្គីជាតិ ដោយមិនដឹងខ្លួន ជាពិសេសដល់យុវជន និងក្មេងតូចៗជំនាន់ក្រោយ និងឈានទៅប៉ះពាល់ដល់ អសន្តិសុខសង្គម និងសន្តិភាពជាតិយើង។ ម្យ៉ាងវិញទៀត ក៏ដើម្បីជាគំរូល្អៗដល់យុវជនខ្មែរយើង ដែលជាទំពាំងស្នងឫស្សីផងដែរ។ សូមអរគុណប្អូនៗទុកជាមុន»។
អត្ថបទដោយ៖ FCN NEWS