ឈុន រក្សា ទម្លាយរឿងបែកបាក់គ្រួសារ និងចេញមុខការពារតម្លៃស្ត្រីមានឈ្មោះជាមេម៉ាយ
រាជធានីភ្នំពេញ ៖ អតីត Miss Universe Cambodia 2020 ស្រីស្រស់ ឈុន រក្សា បានទម្លាយរឿងរ៉ាវផ្ទាល់ខ្លួនពីការបាក់បែកគ្រួសារ ក្លាយជាស្ត្រីមេម៉ាយ និងត្រូវចិញ្ចឹមកូនម្នាក់ក្នុងបន្ទុក រហូតមកដល់បច្ចុប្បន្ននេះ ។ យ៉ាងណា ក្នុងពេលដែលខ្លួនក្លាយជាស្ត្រីមេម៉ាយ ស្រីស្រស់ ឈុន រក្សា បានចេញមុខការពារតម្លៃស្ត្រី និងឆ្លើយតបទៅកាន់មនុស្សមួយចំនួនដែលចូលចិត្តមាក់ងា.យ និងមិនអោយតម្លៃទៅលើស្ត្រីដែលរស់មានឈ្មោះជាស្ត្រីមេម៉ាយ។
ស្រីស្រស់ ឈុន រក្សា បានលើកឡើងថា «មេម៉ាយ or a single mom! ជាពាក្យមួយដែលមនុស្សមួយចំនួនតូចមាក់ងា.យ មិនអោយតម្លៃ និងមើលមកនាងថា នាងជាមនុស្សបែបនេះ បែបនោះ មិនល្អ មិនស្មោះត្រង់»។
នាងបញ្ជាក់ថា «ត្រឡប់មកគិតម្តងទៀត តើអ្នកដឹងទេ? មិនមានមនុស្សស្រីណាចង់រងឈ្មោះ ឬក៏ទទួលឈ្មោះថា «មេម៉ាយ» ទេ ពិភពលោកនេះពិតជាអយតិ្តធម៌សម្រាប់នាងណាស់ នៅពេលដែលនាងខំប្រឹងធ្វើល្អ ខំប្រឹងថែរក្សា តែបែរជាមិនមានអ្នកណាមើលឃើញអំពើទាំងនោះ តែនៅពេលដែលនាងអស់ការអត់ធ្មត់ គ្រប់គ្នាបែរជាមើលឃើញតែភាពអវិជ្ជមានរបស់នាងទៅវិញ»។
នាងបន្តថា «ក្នុងនាមខ្ញុំជា Single mom ម្នាក់ ខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯងណាស់ ដែលអាចមើលថែ និងចិញ្ចឹមក្មេងប្រុសម្នាក់ ដែលគាត់បានមកកាន់ពិភពលោកមួយនេះ។ ក្មេងមិនមានកំហុស តែយើងជាអ្នកមានកំហុស ព្រោះយើងជាអ្នកផ្តល់កំណើតអោយគាត់ បើយើងមិនបានមើលថែគាត់បានល្អ។ ម៉ាក់មិនសុំអ្វីច្រើនពីកូន តែម៉ាក់សង្ឃឹមថា ពេលកូនម៉ាក់ធំទ្បើង កូននឹងជាមនុស្សល្អ ជាមនុស្សប្រុសដែលមានទំនួលខុសត្រូវ និងស្រទ្បាញ់គោរពមនុស្សដែលអោយតម្លៃដល់កូន»។
ជាការកត់សម្គាល់ ក្រោយពេលជាប់ជ័យលាភីលំដាប់រងទី១ បវរកញ្ញាចក្រវាទ្បកម្ពុជា ហាក់មិនសូវបានបង្ហាញវត្តមានលើវិស័យសិល្បៈច្រើនឡើយ ដោយសារតែនាងជាប់រវល់លើសិក្សាជំនាញពេទ្យ ។ ជាងនេះទៅទៀត ស្រីស្រស់ ឈុន រក្សា តែងតែលាក់បាំងជីវិតឯកជនរបស់នាង ពោលគឺក្នុងពេលដែលរៀបការមានស្វាមីនោះ ក៏មិនសូវមានមហាជនដឹងច្រើនឡើយ ។
កន្លងមក បើទោះបីជានាងរៀបការមានស្វាមីពិតមែន ប៉ុន្តែតារារូបនេះ ហាក់មិនបានបង្ហាញមុខមាត់ស្វាមីរបស់ខ្លួនជាសាធារណៈនោះឡើយ បើទោះបីជានាងទទួលបានចំណងដៃកូនមួយនាពេលនេះក៏ដោយ។ ទើបតែពេលនេះ នាងដាច់ចិត្តទម្លាយរឿងរ៉ាវពីការបែកបាក់ស្វាមី រហូតក្លាយជាស្ត្រីមេម៉ាយ (Single Mom) ទាំងវ័យក្មេង៕
អត្ថបទដោយ៖ FCN NEWS